នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យសមត្ថកិច្ចទាំងអស់ត្រូវប្រុងប្រយ័ត្ន «ដ្រូន» នៅទីតាំងប្រារព្ធពិធីធំៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ សង្កត់ធ្ងន់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធី។ ការណែនាំនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសពង្រឹងកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ដើម្បីមានវិធានទប់ស្កាត់ទាន់ពេលវេលា ករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។ ត្រូវពង្រឹងការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាគោលដៅសំខាន់ៗ សំដៅបង្ការ ទប់ស្កាត់ បទល្មើស ក៏ដូចជាធានារក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ទន្ទឹមនោះ ក៏ត្រូវអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងផ្ទុះ និងផ្សព្វផ្សាយឲ្យពួកគាត់មានការយោគយល់ចំពោះការបិទចរាចរណ៍មួយរយៈក្នុងអំឡុងពេលប្រារព្ធពិធី ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅជុំវិញបរិវេណកន្លែងប្រារព្ធពិធី។ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវកុំឲ្យមានការកកស្ទះ។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងតាមដានបណ្តាញព័ត៌មានសង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំឲ្យមានបញ្ហាអសន្តិសុខដល់សង្គម៕

អត្ថបទ៖ អក្ខរា