សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណ ដើម្បីពង្រឹងវិស័យ បើគិតត្រឹមឆមាទី១ ឆ្នាំ២០២៣នេះ។
យោងតាមហ្វេសប៊ុករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា គ្រឹះស្ថានឥណទានជនបទបាននិងកំពុង រួមចំណែកផ្តល់សេវាឥណទានខ្នាតតូចនៅតាមតំបន់មូលដ្ឋាន ដើម្បីបំពេញតម្រូវការឥណទានទៅតាមប្រភេទអាជីវកម្មរបស់ប្រជាពលរដ្ឋ។
ទន្ទឹមគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងបន្ថែមថា យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងភាពរឹងមាំនៃវិស័យឥណទានជនបទ គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ ត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បានបង្ហាញបន្ថែមទៀតថា គិតត្រឹមឆមាទី១ ឆ្នាំ២០២៣ នេះដែរ គ្រឹះស្ថានឥណទានជនបទដែលទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជា បានផ្តល់ឥណទានដល់អតិថិជនសរុប ៨៤.២៣៦ គណនី ស្មើនឹង ១៧៧,៤ ប៊ីលានរៀល (៤៣,៧ លានដុល្លារអាមេរិក)៕
អត្ថបទ៖ ពិសី