ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា អាណត្តិទី៧នេះ គឺបាញ់ឆ្ពោះទៅមូលដ្ឋាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺពង្រឹង ជាងពង្រីក ជាពិសេសការកែទម្រង់ បាញ់ឆ្ពោះទៅថ្នាក់ក្រោមជាតិ។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងសម្រួចការធ្វើវិមជ្ឈការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី បានមានប្រសាសន៍ថា៖ “អាណ្តត្តិទី៧នេះ គឺការពង្រឹងមូលដ្ឋាន ថ្នាក់ជាតិក៏យើងត្រូវធ្វើដែរ ប៉ុន្តែមូលដ្ឋានបុកឆ្ពោះទៅ ហើយថវិកាដែលគ្រោងប៉ុន្មានរយលានដុល្លារនោះ ត្រៀមក្នុងឆ្នាំ២០២៤ គឺសម្រាប់បម្រើឲ្យការធ្វើកម្រែទម្រង់ និងបាញ់ឆ្ពោះទៅមូលដ្ឋានតែម្តង”។

សូមជម្រាបថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ២០២៤ មាន ចំនួន ៣៤ ៤៩៧ ប៊ីលានរៀល ត្រូវជា ២៤,១៣% នៃ ផ.ស.ស. ថយចុះ ៥,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៧% ន ចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣% នៃ ផ.ស.ស. កើនឡើង ៦,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣។

ជាការកត់សម្គាល់ សម្រាប់ឆ្នាំ២០២៤ វិស័យសង្គមកិច្ចនៅតែជាអទិភាពក្នុងការចំណាយ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

សម្ដេចធិបតី បានគូសបញ្ជក់ថា ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះ ថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចបានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាល ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ អក្ខរា