«រដ្ឋបាលរាជធានី ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេស ត្រូវជៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរឹងបំផុត ប្រសិនបើមានករណីរំលោភអំណាចនេះកើតឡើង» ។ នេះជាការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាខិតខំជួយដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីមានលទ្ធភាព និងសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។
គិតរហូតមកទល់បច្ចុប្បន្ននេះ ចំនួនគណៈអភិបាលសម្រាប់រាជធានីខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗរួមមាន៖ រាជធានី ខេត្ត មានចំនួន ២៥ មានគណៈអភិបាលចំនួន សរុប ១៧៥រូប( រាជធានី ខេត្តនីមួយៗមានគណៈអភិបាលចំនួន ៧រូប ស្មើគ្នា)។ ក្រុង ស្រុក ខណ្ឌមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប ១,០២០រូប(ក្រុង ស្រុក ខណ្ឌ នីមួយៗមានគណៈអភិបាលចំនួន៥រូបស្មើៗគ្នា)។ ជារួមមកទល់ពេលនេះ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបង្កើនដល់ចំនួនអតិបរមាដែលច្បាប់បានកំណត់។
កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ ច្បាប់នេះ គឺជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបទំនើបនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាល និងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋដែលជាមូលដ្ឋានគ្រឹះ យ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាននិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម៕
អត្ថបទ៖ អក្ខរា