ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន ជឿនលឿនទៅមុខទៀត។ រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយផ្សេងៗរបស់កម្មករនិយោជិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រយៈពេលនៃវិបត្តិសេដ្ឋកិច្ចកន្លងមកនេះ ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី ខិតខំសម្របសម្រួលមិនឲ្យមានការឡើងថ្លៃនោះទេ។ សម្តេចធិបតីបានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិត កុំដំឡើងថ្លៃបន្តទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករកម្មការិនី។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ ទោះបីជាប្រទេសមានការអភិវឌ្ឍ មិនដូចប្រទេសលោកខាងលិច ប៉ុន្តែកម្ពុជានឹងខិតខំថែរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា