បាក់ឌុប២០២៣៖ បេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ក្រោមក្រសែភ្នែកគណៈមេប្រយោគ និងគណៈកម្មការជិត ៣ម៉ឺននាក់

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ ដោយដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧​ ខែតុលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ​យុវជន និងកីឡា​បានគូសបញ្ជាក់ថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់​យុត្តិធម៌​តម្លាភាព​និងលទ្ធផលទទួលយកបាន​ពោលគឺ​ “អ្នកចេះគឺជាប់”។

ក្រសួងកំណត់ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣, ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ការប្រឡងបាក់ឌុប២០២៣នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ ស្រី ៧៣.២៧៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣.៨៦១បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ។

វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែក​ជូនបេក្ខជន។

គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប២៩.៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន
២៥.៣៩៩នាក់។

ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យនិងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ជាថ្មីទៀត ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕

អត្ថបទ៖ អក្ខរា