ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ដែលបានអន្តរាគមទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងបានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។
សម្ដេចធិបតី បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរង ការខូចខាតដោយទឹកជំនន់ និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះឡើងវិញ។ សម្ដេចធិបតី ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ ដោយទឹកជំនន់ទៅថ្ងៃអនាគត នៅតំបន់ណាដែលអាចកាត់បន្ថយ ឬបញ្ចៀសបាន។
ក្រៅពីនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនសកម្មភាពទាក់ទាញទេសចរណ៍ ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ។
ដោយឡែក សម្រាប់ពិធីបុណ្យជាតិធំៗខាងមុខនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អ៕
អត្ថបទ៖ អក្ខរា