សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ រយៈពេល​ជាង​ ២ខែមកនេះ រាជរដ្ឋាភិបាលថ្មី​ សម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មានប្រសាសន៍​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧​ ខែតុលានេះថា ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភា បានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះទាំង ៥ ដែលកំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សម្តេច​ធិបតី​ បានគូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាលក៏កំពុងតែអនុវត្តការកែទម្រង់សំខាន់ៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងសេចក្ដីទុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមខ្លួនទប់ទល់នឹងការវិវត្តថ្មីៗ នៃនិន្នាការក្នុងតំបន់ និងសកល ដែលកាន់តែតានតឹង និងពិបាកប៉ាន់ស្មាន។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ​ពិភាក្សាដើម្បីឆ្លងរបៀបវារៈចំនួន៤រួមមាន៖​ ១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ”។​ ២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។​ ៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។​ ៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

អត្ថបទ​៖​ ​អក្ខរា​