សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម Patrick Murphy នៅទីស្តីការក្រសួង។  

ក្នុងកិច្ចពិភាក្សា ដែលមានភាពជិតស្និទ្ធ និងត្រង់ទៅត្រង់មក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួន បានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាព នាពេលកន្លងមក។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបអគ្គរដ្ឋទូតអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីនិយោជក និងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១,៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភបន្ថែម។ កម្មវិធីថ្នាក់ជាតិនេះ នឹងអាចជួយពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូណ៌បែប និងសមរម្យដោយមានការទទួលស្គាល់ពីទីផ្សារ។ 

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតីជាប្រមុខ ក៏គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន១៥, ៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មករនិយោជិត។

ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕