ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។
ក្រសួងបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈ សំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖
១. សកម្មភាពក្នុងថ្នាក់រៀន៖ ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀនឬម៉ោងសិក្សា ដែលមិន បម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង
បណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា, គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិកនាំឱ្យខាតឬរំខានដល់ការសិក្សា។
២. សកម្មភាពក្នុងបរិវេណសាលារៀន៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ, ក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា, ជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ បង្កើតនិងការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា
៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ៖ មាតាបិតានិងអ្នកអាណាព្យាបាលត្រូវចូលរួមតាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណងនៃការអប់រំ, មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និង ការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់៕
អត្ថបទ៖ អក្ខរា