កម្ពុជា រួមនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតំបន់អាស៊ី និងអាមេរិកខាងត្បូងដែលមានសត្វផ្សោតទន្លេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីជួយសង្គ្រោះ និងផ្តល់សង្ឃឹមក្នុងការរស់រានរបស់ផ្សោតទន្លេនៅក្នុងពិភពលោក។
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង និងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃ ដើម្បីរៀបចំ និងអនុម័តសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ។ កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលកូឡុំប៊ី និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF នៅទីក្រុងបូហ្កូតា ប្រទេសកូឡំប៊ី។
នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បណ្តាប្រទេសចំនួន១៤ នៅតំបន់អាស៊ី និងអាមេរិកខាងត្បូង ដែលមានសត្វផ្សោតទន្លេ បានចែករំលែកបទពិសោធន៍អំពីកិច្ចការពារសត្វផ្សោត និងបញ្ហាចម្បងៗដែលត្រូវដោះស្រាយ។ ក្នុងកិច្ចប្រជុំនោះ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានច្បាប់ ការស្រាវជ្រាវ ការអនុវត្តច្បាប់ ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ការអប់រំផ្សព្វផ្សាយ និងការលើកកម្ពស់ជីវភាព របស់សហគមន៍មូលដ្ឋាន។ ជាងនេះទៅទៀត កម្ពុជាក៏បាននាំបទចម្រៀងក្រោមចំណងជើងថា «ផ្សោតដួងចិត្ត» ច្រៀងដោយអ្នកនាង មាស សុខសោភា ទៅចាក់ផ្សាយក្នុងកិច្ចប្រជុំនេះ ដោយបានទទួលការចាប់អារម្មណ៍និងសាទរយ៉ាងខ្លាំងពីបណ្តាប្រទេសចូលរួម។
នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃទិវាសត្វផ្សោតទន្លេពិភពលោក ឯកឧត្តមប្រធានប្រតិភូកម្ពុជា និងមន្រ្តីជំនាញ បានចូលរួមពិភាក្សានិងកែសម្រួលសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ។ សេចក្តីថ្លែងការណ៍នេះគឺជាឯកសារតម្រង់ទិសសម្រាប់ប្រទេសទាំង១៤ ដែលមានសត្វផ្សោតទន្លេ ប្តេជ្ញាអនុវត្តរួមគ្នាក្នុងកិច្ចការពារសត្វផ្សោតទឹកសាបប្រកបដោយការទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍នេះ បានផ្តោតលើសកម្មភាពជាអាទិភាពចំនួន៨ គឺការបង្កើតបណ្តាញទំនាក់ទំនងតំបន់ការពារសត្វផ្សោត ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការស្រាវជ្រាវនិងការតាមដាន ការផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ការលុបបំបាត់សកម្មភាពនេសាទពុំស្របច្បាប់ ការកែលម្អគុណភាពទឹក ការរៀបចំទិវាសត្វផ្សោតទន្លេ និងការធានាធនធានសម្រាប់ការអនុវត្តសកម្មភាព។ ក្រោយទទួលបានការឯកភាពជារួម ឯកឧត្តមប្រធានប្រតិភូកម្ពុជា រួមជាមួយនឹងប្រធានប្រតិភូនៃបណ្តាប្រទេសផ្សេងៗទៀតបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាសកល ដើម្បីទទួលស្គាល់សេចក្ដីថ្លែងការណ៍រួម និងដាក់ឱ្យអនុវត្តជាផ្លូវការ៕