គំរូដ៏ល្អ! ពលរដ្ឋចង់ឃើញ «ផ្ទះបរិច្ចាគ» កាន់តែច្រើន ដើម្បីពូនជ្រុំវប្បធម៌ចែករំលែកដល់អ្នកខ្វះខាត

«ផ្ទះបរិច្ចាគ» ដំបូងគេមួយកន្លែងនៅមុខសាលាខេត្តប៉ៃលិន ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត។

លោកជំទាវអភិបាលខេត្ត នៅថ្ងៃទី២៤ ខែតុលានេះ បានយកអំណោយរបស់សប្បុរសជន មកដាក់ក្នុងផ្ទះបរិច្ចាគ និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជា​សម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត។

ផ្ទះបរិច្ចាគនេះ ទើបតែដាក់ដំណើរការសាកល្បងនាអំឡុងភ្ជុំបិណ្ឌកន្លងទៅនេះ។ គេសង្កេតឃើញថា មានសប្បុរសជននានាពីគ្រប់មជ្ឈដ្ឋាន បានយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់។ល។ មកដាក់នៅក្នុងផ្ទះបរិច្ចាគនេះជាបន្តបន្ទាប់ ហើយក៏មានពលរដ្ឋអ្នកខ្វះខាត ចាស់ជរា និងជនទីទាល់ក្រ បានមកទទួលយកក្នុង១​គ្រួសារ​បាន១​កញ្ចប់។

តាមរយៈគំនិតផ្តួចផ្តើម ដែលជាវប្បធម៌នៃការចែករំលែកដល់អ្នកខ្វះខាតនេះ ត្រូវបានពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនសារទរ និងចាត់ទុកជាគំរូដ៏ល្អដែលបណ្ដាខេត្តដ៏ទៃទៀតគួរគិតគូរ និងយកគំរូតាម។ ពួកគេក៏ចង់ឲ្យមានផ្ទះបរិច្ចាគ កាន់តែច្រលន មាននៅគ្រប់តំបន់របស់ពួកគេរស់នៅ និងបណ្ដាខេត្តផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ អក្ខរា