ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨លានយ៉េន (ប្រមាណ ៩,៧លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេស បានឲ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយ
ផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
ក្រសួងការបរទេសបានបញ្ជាក់ថា កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕