ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្រោយពីការស្ទាក់ឃាត់នូវរថយន្តមួយគ្រឿងដែលបានដឹកប្រេងរំអិល សង្ស័យខុសច្បាប់ ចេញពីទីតាំងខាងលើ សមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ និងប្រេងរំអិលសង្ស័យថាខុសច្បាប់ជាច្រើនប្រភេទ សរុបទាំងអស់ប្រមាណ ជិត ៤០តោន ។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។
ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនមកសហការឡើយ ដោយឲ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូចនេះសមត្ថកិច្ចក៏តម្រូវឲ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ជាលើកទីពីរហើយ ក្នុងរយៈពេល៣ខែចុងក្រោយនេះ បន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែមក៕