ចិនដែលជាប្រទេសដែលពូកែផលិតភាពយន្តពោរពេញដោយគុណភាពល្អៗបានចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។
តាមការឲ្យដឹងក្នុងជំនួបមួយរវាងឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ជាមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន គឺក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់សើ្នដល់អ្នកជំនាញរបស់ក្រុមហ៊ុនក្នុងវិស័យភាពយន្តរបស់ចិនឱ្យមកថតភាពយន្តនៅប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលជំនាញភាពយន្តជូនដល់អ្នកជំនាញរបស់ខ្មែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ធ្លាប់បានបញ្ជាក់ថា រយៈពេល៥ឆ្នាំខាងមុខ ពោលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ កម្ពុជាមានគោលដៅធំដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងព្រឹត្តិការណ៍ធំៗសំដៅលើកតម្លៃវប្បធម៌របស់កម្ពុជាបន្ថែមទៀត។ ជាពិសេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានេះនឹងជំរុញ ក៏ដូចជាលើកតម្លៃវប្បធម៌ខ្មែរឱ្យប្រជាជន ក៏ដូចជាប្រជាជាតិដទៃទៀតបានស្គាល់៕
អត្ថបទ៖ អក្ខរា