ក្រសួងកសិកម្ម ជំរុញឲ្យទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា​ស្តីពី​ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម​និងជីកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានគូសបញ្ជាក់អំពីទស្សនាទានកសិកម្ម និងអនុសាសន៍ ឯកឧត្តមរដ្ឋមន្ត្រី ផ្តោតសំខាន់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែច្រវាក់តម្លៃល្អ ការជំរុញសហគមន៍កសិកម្មតាមគម្រូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្ចផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យមានការផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកលក់ធាតុចូលកសិកម្ម និងពង្រឹងការផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់ជាពិសេសនៅបណ្តាខេត្តជាប់ព្រំដែន ការលក់ Online មិនមានចុះបញ្ជីការ ការក្លែងបន្លំគុណភាព ដែលនាំឱ្យមានការប៉ះពាល់សុខភាព បរិស្ថាន និងបញ្ហាផ្សេងៗ។ មួយវិញទៀត ឯកឧត្តម ក៏បានណែនាំឱ្យពិនិត្យលទ្ធភាពលើសុពលភាពបញ្ជីការឱ្យលើសពី ៣ឆ្នាំផងដែរ។

បើតាមឯកឧត្តម ជាយន្តការអគ្គនាយកដ្ឋានកសិកម្ម ត្រូវសិក្សាបន្ថែម និងត្រូវការសហការគ្នាល្អទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងត្រូវមានរបបរបាយការណ៍ប្រចាំខែច្បាស់លាស់ត្រឹមត្រូវ តាមដានការត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់និងធាតុចូលកសិកម្ម ដល់អាជីវករនិងកសិករអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះឱ្យបានល្អបំផុត៕