សម្ដេចធិបតីចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាល ថាជាការបែងចែកផលលាភដល់ដៃពលរដ្ឋ

ពីវេទិកាអធីបតី នៃពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្ដីរីករាយចំពោះវិសាលភាពនៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ។

សម្ដេចបានរម្លឹកដោយទាញការកត់សម្គាល់ជូនអង្គពិធីថា«គ្រាន់តែក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលទទួលការគាំពារដោយមូលនិធិសមធម៌ និងបានប្រើប្រាស់សេវានេះ មានជាង១៤លានករណី ក្នុងនោះមានសំរាកពេទ្យមានជា៨១ម៉ឺនករណី។ ខ្ញុំបានចុះទៅតាមបណ្ដារាជធានី ខេត្តជាច្រើន ខ្ញុំជួបជាមួយលោកតា លោកយាយ អ៊ំ ពូមីង តាមខេត្ត កន្លែងខ្លះ ខ្ញុំសួរទៅ គាត់ថាពេលឈឺ គាត់ទៅពេទ្យ គាត់មានបណ្ណសមធ៌ អត់ចេញលុយទេ ព្រោះមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ»។ 

គួរកត់សម្គាល់ថានិធិសមធម៌សម្រាប់គ្រួសារក្រីក្រ បានចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយបន្តពង្រីកជាបន្តបន្ទាប់ដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេសនាឆ្នាំ២០១៥។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ថាមូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជន ដោយកំណត់តាមប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការ រួមមាន គ្រួសារក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។

សម្ដេចធិបតី បានចាត់ទុកវិសាលភាព នៃការអនុវត្តយន្តការនេះថាជាផ្នែកមួយនៃការបែងចែកផលលាភជូនដល់ដៃប្រជាពលរដ្ឋ និងចាត់ទុកការងារនេះជាការអាទិភាពដែលត្រូវពង្រីកបន្តទៀត៕