ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រសួងការពារជាតិ ដែលបានបណ្ដេញមន្ដ្រីចេញពីក្របខណ្ឌ ក្នុងករណីរកឃើញមានការជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។ កឧត្តមសន្តិបណ្ឌិត បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពបន្ថែមនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានស្នើឲ្យមានការដកចេញពីក្របខណ្ឌ ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធគ្រឿងញៀន និងបានកោតសរសើរដល់ក្រសួងការពារជាតិ ដែលអនុវត្តបានយ៉ាងល្អ នឹងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀន។
គួរបញ្ជាក់ថា មាននាយទាហានចំនួន៣រូបហើយ ដែលត្រូវបានក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខណ្ឌ ក្រោយរកឃើញថា ទាហានទាំង៣រូបនោះមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ បើតាមសេចក្តីសម្រេច នៅថ្ងៃទី២៥ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាយទាហានទាំង៣រូប ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងមិនត្រូវអនុញ្ញាតឲ្យបញ្ចូលក្នុងក្របខណ្ឌឡើងវិញនោះ គឺសុទ្ធសឹងតែស្ថិតក្នុងកងអង្គភាព សាលានាយទាហានសកម្ម ដែលជាសាលាបង្វឹកនាយទាហានជំនាន់ថ្មី។
នេះជាចំណាត់ការធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលធ្លាប់បានប្រកាសថា មិនអត់ឱនឲ្យមន្ត្រីទាហានណា ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត ហើយនឹងធ្វើតេស្តគ្រឿងញៀនចំពោះអ្នកប្រឡង មុននឹងក្លាយជាក្របខណ្ឌកងទ័ព។
ចំណែកក្រសួងមហាផ្ទៃវិញ, រដ្ឋមន្ត្រី ស សុខា បានបញ្ជាឲ្យមន្ត្រីពន្ធនាគារទូទាំងប្រទេស ដាក់ចេញនូវវិធានការធ្វើតេស្តពិនិត្យទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅនិងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀន ដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី ២០% ទៅ ៣០% តាមមាគ៌ាដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
អត្ថបទ៖ អក្ខរា