គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញនូវ អនុសាសន៍ និងដំណោះស្រាយ ដើម្បីធ្វើជាយុទ្ធសាស្រ្តជំរុញឱ្យមានការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាប់ប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
យោងតាមសេចក្តីប្រកាស ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃខេត្ត CLV បានឱ្យដឹងថា គណៈប្រតិភូសភា CLV បានទៅធ្វើទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងអនុវត្តការត្រួតពិនិត្យ និងតាមដានការអភិវឌ្ឍ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល នៃប្រទេសទាំងបីរួមមាន៖ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរួម នៅតំបន់ ត្រីកោណអភិវឌ្ឍន៍ ដែលចូលរួមដោះស្រាយដោយគណៈកម្មការចំនួនបី លើវិស័យកិច្ចការបរទេស និង នយោបាយ, វិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌, និងវិស័យសន្តិសុខ និងការពារជាតិ។
គណៈប្រតិភូទាំងបីប្រទេសនេះ បានជួបពិភាក្សាជាមួយតំណាងខេត្តចំនួន១២ ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេស ទាំងបី មានខេត្តក្នុងប្រទេសវៀតណាមចំនួន៤ខេត្ត ប្រទេសកម្ពុជា៤ខេត្ត និងប្រទេសឡាវ៤ខេត្ត។ គណៈប្រតិភូក៏បានទៅទស្សនាគម្រោងអភិវឌ្ឍមួយចំនួននៅតាមបណ្ដាខេត្តនៃប្រទេសទាំងបីផងដែរ។
បន្ទាប់ពីបានពិនិត្យពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ក៏បានដាក់ ចេញនូវអនុសាសន៍ និងដំណោះស្រាយចំនួន៩ចំណុច រួមមាន៖ ១.ត្រូវផ្តល់អនុសាសន៍ថា រដ្ឋសភានៃប្រទេស កម្ពុជា-ឡាវ-វៀតណាម (CLV) ត្រូវបន្តត្រួតពិនិត្យ និងតាមដានការអនុវត្តកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលបានព្រមព្រៀង និងចុះហត្ថលេខាដោយរដ្ឋាភិបាល CLV។ ២.ជំរុញសមាជិកសភាដែលមានមណ្ឌលនៅក្នុងខេត្តនៃតំបន់ DTA ធ្វើការផ្លាស់ប្តូរ និងដឹកនាំការគ្រប់គ្រង ត្រួតពិនិត្យនិងរៀបចំឯកសារអំពីបញ្ហាដែលកំពុងកើតមាន។ ៣.ជំរុញស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេស CLV ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខភាពសាធារណៈ ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានសក្តានុពលធំធេង។ ៤-ផ្តល់អនុសាសន៍ថា រដ្ឋាភិបាល CLV ត្រូវបន្តបញ្ចូលគោលដៅអភិវឌ្ឍន៍ CLV-DTA ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយផ្តល់អាទិភាពលើការបែងចែក ធនធាន ថវិកាជាតិ។ ៥-ផ្តល់អនុសាសន៍ដល់ការអភិវឌ្ឍ បន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការដឹកជញ្ជូន និងមធ្យោបាយគាំទ្រផ្សេងទៀត នៅតាមតំបន់ ព្រំដែននៃប្រទេសCLV ដែលជាអាទិភាពចម្បងក្នុងការសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងដែន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ៦-ជំរុញឱ្យមានការ អភិវឌ្ឍច្រករបៀងអភិរក្សជីវៈចម្រុះ ដែលស្ថិតនៅតាមបណ្តោយ ឬក្នុងខេត្ត CLV-DTA ដើម្បីការពារ អភិរក្ស និងអភិវឌ្ឍបរិស្ថាន។ ៧-ជំរុញលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបំណិនវិជ្ជាជីវៈ។ ៨.ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល CLV ឱ្យផ្តល់អាទិភាពដល់ការផ្សព្វផ្សាយ និងពន្លឿនការអនុវត្ត កិច្ចព្រមព្រៀង។ និង ៩.ផ្តល់អនុសាសន៍ដល់ រដ្ឋាភិបាល CLV ឱ្យបន្តសហការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានវៀតណាម ដែលបាន ពលីជីវិតក្នុងសង្គ្រាមដើម្បីឯករាជ្យ និងរំដោះជាតិនៅលើទឹកដីនៃប្រទេសទាំងបី។
សូមបញ្ជាក់ថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹងត្រូវរាយការណ៍ជូនប្រធានរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម(CLV)សម្រាប់ធ្វើការពិចារណាក្នុងការដាក់បញ្ចូលទៅក្នុងឯកសារ លទ្ធផល សំខាន់ៗ ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
អត្ថបទ៖ រង្សី