ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានប្រទះឃើញប្រាក់កាស(ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។
កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។
សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រីស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា «ជី» នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបង ក្នុងអំឡុងសតវត្សរ៍ទី១៩។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌគឺបោះពុម្ព និងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។
គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះ មានសសរ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោង និង២ជួរទៀតជាសសរជើងរាង។ បច្ចុប្បន្នសសរឈើរបស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយ កំពុងមានភាពពុកផុយខូចខាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ហើយវាទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕