គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍

គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃខេត្ត CLV​ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ដោយអនុលោមតាម សេចក្ដីថ្លែងការណ៍រួម របស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូសភា CLV បានទៅធ្វើទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងអនុវត្តការត្រួតពិនិត្យ និងតាមដានការអភិវឌ្ឍ និងវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងបីរួមមាន៖ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរួមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលចូលរួមដោះស្រាយដោយគណៈកម្មការ ចំនួនបីលើវិស័យកិច្ចការបរទេសនិងនយោបាយ, វិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌, និងវិស័យ សន្តិសុខ និងការពារជាតិ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា។ គណៈប្រតិភូឡាវដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត លីនខាំ ជួនសាវន្ត(Linkham DOUNSAVANH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម វ៉ូ ហៃហា(Vu Hai Ha) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម។

គណៈប្រតិភូបានជួបពិភាក្សាជាមួយតំណាងខេត្តចំនួន១២ ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំងបី មានខេត្តក្នុងប្រទេសវៀតណាមចំនួន៤ខេត្ត ប្រទេសកម្ពុជា៤ខេត្ត និងប្រទេសឡាវ៤ខេត្ត។ គណៈប្រតិភូក៏បានទៅ ទស្សនាគម្រោងអភិវឌ្ឍមួយចំនួននៅតាមបណ្តាខេត្តនៃប្រទេសទាំងបីផងដែរ៕

អត្ថបទ៖ អក្ខរា