សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់មកដល់កម្ពុជាវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រនៅអារ៉ាប់ប៊ីសាអូឌីត

នាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ ខែតុលា សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់កម្ពុជាប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួមវេទិកាវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ រដ្ឋធានីប៉េកាំង ប្រទេសចិន និងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការ​ឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

គួររម្លឹកថា ក្រៅពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ តុលា  នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីនិងពិភាក្សាការងារជាមួយឥស្សរជនបរទេសមួយចំនួនផងដែរដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងនោះមានដូចជា នាយករដ្ឋមន្រ្តីវៀតណាម នាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍនិងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត  ជាដើម។

គួរបញ្ជាក់ថា​ កិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ 

កិច្ចប្រជុំកំពូលនេះ ក៏បានកត់សម្គាល់នូវ ឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្ដីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ ២០២៤-២០២៨)៕