បណ្ឌិតសភាចារ្យ សុខ ទូច ប្រគល់សៀវភៅ ស្តីពី «អ៊ែបទេសចរណ៍កម្ពុជា» ដល់រដ្ឋមន្ត្រីទេសចរណ៍

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិតបានជូនសៀវភៅ ស្តីពី «អ៊ែបទេសចរណ៍កម្ពុជា» ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី។ សៀវភៅនេះមានកម្រាស់៨៨៨ទំព័រ បើយើងបញ្ចូលរូបភាពទៀតគឺមានកម្រាស់រហូតដល់១៨០០ទំព័រ ដែលក្នុងនោះមានជាង១ម៉ឺនរូបភាព។

ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមរាជបណ្ឌិត្យសភាកម្ពុជាគ្រោងនឹងបោះពុម្ពផ្សាយជា៥ភាសាគឺ ភាសាខ្មែរ, អង់គ្លេស, ចិន,បារាំង និងរុស្ស៊ី។ សៀវភៅនេះ មានសារសំខាន់ដូចជា៖ ១- អាចឱ្យភ្ញៀវទេសចរដឹងកាន់តែច្បាស់អំពី ភាពអស្ចារ្យនៃវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក។ ២- អាចឱ្យភ្ញៀវទេសច អាចទៅដល់ទីតាំង ទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងព្រះរាជណាចក្រកម្ពុជា ដោយគ្មានការឆបោកពីជនខិលខូចមួយចំនួនតូចក្នុងការដឹកជញ្ជូន។ ៣- អាចឱ្យដឹងពីទីតាំងជុំវិញកន្លែងរមណីយដ្ឋាននោះ ដូចជាទីតាំង អាហារដ្ឋាន, មន្ទីពេទ្យ, សាលារៀន, កន្លែងស្នាក់នៅ, និងប៉ុស្តិ៍ប៉ូលីស ជាដើម។ ៤- ជាការផ្តល់នូវទំនុកចិត្តមួយបន្ថែមទៀតសម្រាប់សេវាទេសចរណ៍នៅកម្ពុជា។ ៥- យើងចង់បង្ហាញប្រាប់ពិភពលោកថា កម្ពុជាយើងមានទីតាំងទេសចរណ៍ច្រើនទាំងធម្មជាតិ បរិស្ថាន និងវប្បធម៌

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា បើសិនសប្បុរសជនមានបំណងក្នុងការចូលរួមជួយបោះពុម្ពសៀវភៅដ៏ល្អនេះ រាជបណ្ឌិត្យសភាកម្ពុជា រីករាយស្វាគមន៍ និង សហការ ឬអាចបោះពុម្ពខេត្តណាមួយក៏បាន៕

អត្ថបទ៖ អក្ខរា