សម្តេចម៉ែ ប្រសិទ្ធពរជ័យជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមហាជោគជ័យថ្មីៗបន្តទៀត

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារប្រសិទ្ធពរជ័យ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ព្រះរាជសាររបស់សម្តេចម៉ែ មានខ្លឹមសារដូច្នេះថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ខាងមុននេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូម ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី សូមទទួលបាននូវ មហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំសូមសម្ដែងនូវសេចក្ដីកោតសរសើរដ៏កក់ក្ដៅជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជារាស្ត្ររបស់សម្តេចមហាបវរធិបតី ដែលបានដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិមានភាពរីកចម្រើន។

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរ សូមសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទ៖ អក្ខរា