អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. (ECCC) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីផលិតនិងផ្សព្វផ្សាយមាតិកាអប់រំឌីជីថល ដែល មានគោលបំណងអប់រំសាធារណជន អំពីការជំនុំជម្រះក្តី ផ្សព្វផ្សាយអំពីសមិទ្ធផល ការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។
ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នា ដែលបាន ចុះហត្ថលេខានៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តមុខងារសេសសល់ ហើយវាជាផ្នែកមួយនៃការងារផ្សព្វផ្សាយព័ត៌មានដើម្បី អប់រំសាធារណជន ក៏ដូចជាផ្សព្វផ្សាយអំពីការងារនិងកេរដំណែលរបស់ អ.វ.ត.ក.»។ លោកមានប្រសាសន៍បន្ថែមថា៖ « មាតិកាវីដេអូ ដែលយើងនឹងសហការផលិតជាមួយ EBC នេះ នឹងប្រើប្រាស់ជាឧបករណ៍អប់រំនិងផ្សព្វផ្សាយ ដែលខ្លឹមសារ របស់វីដេអូ គឺដកស្រង់ចេញពីឯកសារ កំណត់ត្រា និងបណ្ណសារ ដែលរំលេចនូវប្រធានបទជាច្រើនទាក់ទងនឹងការជំនុំជម្រះក្តី និងការស៊ើបអង្កេតក្តីក្នុងរយៈពេល១៦ឆ្នាំ វីដេអូអប់រំទាំងនេះ នឹងក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពអប់រំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការងាររបស់ អ.វ.ត.ក. សម្រាប់យុវជនជំនាន់ក្រោយ។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានគណៈកម្មការគ្រប់គ្រង គម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ មានប្រសាសន៍ថា៖ «ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការនិងការអនុវត្តគម្រោងរួមគ្នា រវាង EBC និង ECCC ដែលនឹងផ្តោតលើការផលិតមាតិកាឌីជីថល ឯកសារវីដេអូ និងការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងដំណើរការ កាត់សេចក្តីនៃអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីជំរុញការយល់ដឹងពីគុណតម្លៃនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា ដែលបានផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ទាំងអ្នកដែលបានបាត់បង់ជីវិតទៅ ទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ»។ លោកមានប្រសាសន៍បន្តថា៖ «ការផលិតមាតិការឌីជីថលនិងកិច្ចការងារផ្សព្វផ្សាយនេះ នឹងជួយឲ្យក្មេងជំនាន់ក្រោយអាចដឹងការពិតទាក់ទងនឹងអ្វីដែលបានកើតឡើងនៅក្រោមរបបខ្មែរក្រហម»។
សូមបញ្ជាក់ថា មាតិកាវីដេអូមួយផ្នែក ដែលគ្រោងនឹងផលិតនេះ នឹងផ្តោតលើសេចក្ដីថ្លែងការណ៍របស់ជនរងគ្រោះ ដែលបាន ធ្វើឡើងក្នុងអំឡុងពេលសវនាការកាត់សេចក្តី ដែលមានលំនាំតាមកម្មវិធីទូរស្សន៍ «រឿងរបស់ខ្ញុំ» ឬ My Story។ បើតាមអនុ ស្សរណៈនៃការយោគយល់គ្នានេះ អ.វ.ត.ក. មានភារកិច្ចជាចម្បងសម្រាប់ដំណាក់កាលដំបូង ចាប់ពីការរៀបចំបង្កើតខ្លឹមសារសាច់រឿង និងការប្រមូលព័ត៌មាន រហូតដល់ការជ្រើសរើសតួអង្គ និងការសរសេរសាច់រឿង ខណៈដែល EBC ទទួលខុសត្រូវ ចំពោះដំណាក់កាលចុងក្រោយ ចាប់ពីការថត និងការកាត់ត រហូតដល់ការចែកចាយ និងការផ្សព្វផ្សាយ៕