ប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត ត្រូវបានស្ដារសម្អាត និងរៀបចំឡើងវិញ

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទ អង្គរ។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិន ស្អាត។

សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំ ប្រព័ន្ធ ប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី សំរាម ស្លឹកឈើចេញ ដើម្បីកុំឱ្យស្ទះ ដល់លំហូរទឹក នៅពេលដែលមានភ្លៀងខ្លាំងម្ដងៗ។ រហូតមកដល់ពេលនេះ ក្រុមការងារនៅ កំពុងមមារញឹកបន្តស្ដារសម្អាត និងរៀបចំប្រព័ន្ធដោះទឹកនៅតាមបណ្តោយផ្លូវកៅស៊ូ ជុំវិញប្រាសាទអង្គរវត្តឱ្យដំណើរការល្អឡើងវិញ។

ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថានឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភណ្ឌភាព ស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម៕