ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្នរួមមានស្ថានីយទំនប់តាសាល ទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន១៩,៥០ម៉ែត្រ ស្ថានីយពាមឃ្លី ទឹកកម្ពស់ ៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្ថានីយសំណង់រលាំងជ្រៃ ទឹកកម្ពស់ ៧, ៥៤ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងនៅតំបន់ទីជម្រាលអាងស្ទឹងព្រែកត្នោតក៏មានបរិមាណទឹកភ្លៀងធ្លាក់ចន្លោះពី ៥០មម ទៅ ១០០ម ដែលជាចំណុចត្រូវធ្វើការត្រៀមលក្ខណៈគ្រប់គ្រងទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស។
ក្រសួងបានឲ្យដឹងដែរថា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹកប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងចាត់វិធានការដល់មន្ទីរ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធត្រូវធ្វើការជាប្រចាំត្រួតពិនិត្យបិទបើកទ្វារទឹកសម្រួលចរន្តទឹក និងបន្ធូរបរិមាណធារទឹកក្នុងស្ទឹងឱ្យសមស្របតាមស្ថានភាពជាក់ស្តែងទៅនឹងបរិមាណទឹកទទួលពីផ្នែកខាងលើ ដែលបាននិងកំពុងបើកទម្លាក់មកជាបណ្តើរៗហើយ ដើម្បីជៀសវាងប៉ះពាល់ ឬធ្លាក់ក្នុងស្ថានភាពអាសន្នអាចបង្កហានិភ័យគ្រោះទឹកជំនន់ដល់ផ្នែកខាងក្រោមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕
អត្ថបទ៖ អក្ខរា