រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងផ្តល់នីតិសម្បទាធ្វើឲ្យមេធាវីក្លាយទៅជាភ្នាក់ងារមួយរបស់ជាតិ ក្នុងការពន្លត់ភ្លើងវិវាទ

ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ពាក់ព័ន្ធនឹងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងក្លាយជាទិសដៅសំខាន់មួយនៅក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលខាងមុខ ដែលមេធាវីនឹងដើរតួនាទីជាអ្នកសម្របសម្រួល ផ្សះផ្សារផងដែរ។

ឯកឧត្តមបានណែនាំដល់មេធាវីទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមក្នុងយុទ្ធនាការមួយនេះ ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងពិនិត្យពិចារណាទៅលើរូបមន្តមួយ ដើម្បីផ្តល់នីតិសម្បទាជូនមេធាវីអាចចូលរួមធ្វើកិច្ចការងារនេះ និងធ្វើឲ្យមេធាវីក្លាយទៅជាភ្នាក់ងារមួយរបស់ជាតិ ក្នុងការពន្លត់ភ្លើងវិវាទ ដែលធានាបាននូវភាពសុខដុមរមនា និងបរិយាកាសសន្តិភាពនៅកម្ពុជា។

ជាថ្មីទៀត ឯកឧត្តមបានផ្តាំផ្ញើដល់មេធាវីទាំងអស់ថា ក្នុងពេលប្រកបវិជ្ជាជីវៈ មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។

ឯកឧត្តមក៏ណែនាំដល់មេធាវីគ្រប់រូប សូមបន្តចូលរួម និងគំាំទ្របន្ថែមទៀត ដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វ​កិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិ​បាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ៕

អត្ថបទ៖ អក្ខរា