ACU បើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃទី២ នៃយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ដឹកនាំរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ថ្ងៃទី២ នេះ ធ្វើនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងវិទ្យាល័យបឹងត្របែក ដែលក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី៥ ដឹកនាំដោយ លោកស្រី ហ៊ុន ពុទ្ធាវី និងក្រុមទី៦ ដឹកនាំដោយលោក លី សុខជឺ ដែលមានដល់សិស្សានុសិស្សសរុបចំនួនប្រមាណ ១៥០​នាក់។

ACU បានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយ អំពី«ទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ » នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋ ក៏ដូចសិស្សនៅវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។ ក្រុមការងារផ្សព្វផ្សាយរបស់ អ.ប.ព. នឹងបន្តកម្មវិធីនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ និងខេត្ត ជាបន្តបន្ទាប់តាមកាលបរិច្ឆេទរបស់ខ្លួនរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ តែម្តង។

សូមបញ្ជាក់ថា ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តលើអនុសញ្ញានេះ ក្នុងឆ្នាំ២០០៣ ដែលមានប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងអនុសញ្ញានេះសរុបចំនួន ១៨៩ប្រទេសគិតត្រឹមឆ្នាំ២០២១។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យក ថ្ងៃទី៩ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ» ក្នុងគោលបំណង៖ ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ, លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ, បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ, កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។

យោងតាមអនុក្រឹត្យ, ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ របស់រាជរដ្ឋាភិបាលកម្ពុជា អ.ប.ព. ទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយរួមសហការជាមួយក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនគ្រប់លំដាប់ថ្នាក់ឱ្យចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានលក្ខណៈឱឡារិក៕

អត្ថបទ៖ អក្ខរា