សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន CP Group នៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនេះនៃជំនួបនេះ លោក សែ ភីង បានថែ្លងអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ បន្ថែមលើនេះ លោកអនុប្រធានក្រុមប្រឹក្សាភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប ។

សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CP Group នាឱកាសនេះ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀតដែលក្រុមហ៊ុន CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និងផ្កាយរណប ដោយបានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ៕