សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះធនាគារចិនគ្រុប ក្នុងការចូលរួមពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC Group” ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

លោក កឺ ហាយជែវ បានជម្រាបជូនសម្តេចធិបតី ផងដែរ អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ធនាគារចិនគ្រុប។ មួយវិញទៀត ថ្នាក់ដឹកនាំរបស់ធនាគារចិនគ្រុប បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំថែមទៀត ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលនេះ ។

សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់នាំរបស់ធនាគារចិន គ្រុប នាឱកាសនេះ និងបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះរបាយការណ៍អំពីប្រតិបត្តិការអាជីវកម្ម ព្រមជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ធនាគារចិនគ្រុបនៅក្នុងប្រទេសចិន, ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជា ផងដែរ ។ យោងទៅលើសមិទ្ធផលរីកចម្រើន ដែលទទួលបានពីប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលជាង ១០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា, សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសំខាន់របស់ធនាគារចិនគ្រុប នៅក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃទំនាក់ទំនងដ៏សកម្មរវាងប្រជាជន និងប្រជាជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលពិតជាបានចូលរួមចំណែកមិនអាចខ្វះបានដល់កំណើននៃវិស័យទេសចរណ៍ ។ ជាងនេះទៀត សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធហិរញវត្ថុនៃប្រទេសទាំងពីរ ដែលបានសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែន ជាដើម ។ល។៕