ក្មេងស្រីជំទង់អាយុ ១៤ឆ្នាំ បានលោតចុះក្នុងទឹកដើម្បីជួយសង្រ្គោះជីវិតប្អូនស្រីតូចរបស់ខ្លួនឲ្យបានរួចជីវិត តែជាអកុសល ខ្លួននាងផ្ទាល់ត្រូវបានលង់ទឹកដោយខ្លួនឯងទៅវិញ។ នាងត្រូវបានមណ្ឌលសុខភាពមួយនៅខេត្តកំពង់ធំ បញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង។
នាងត្រូវបានជួយសង្រ្គោះជីវិតក្រោយព្យាបាលថែទាំអស់៩ថ្ងៃ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ នៅថ្ងៃទី១៦ ខែតុលានេះ ក្មួយស្រី មានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យគន្ធបុប្ផា។
តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner អរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស និងសូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕