ក្រសួងទេសចរណ៍បានកំពុងរៀបចំដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្នូលមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្នុងនោះប្រទេសចិនគឺជាទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ខណៈដែលក្រុងស៊ិនជិនមានប្រជាជនរហូតដល់ទៅប្រមាណ ៧០លាននាក់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយគណៈប្រតិភូមកពីក្រុងស៊ិនជិន ប្រទេសចិន កាលពីពេលថ្មីៗនេះ។
គួរឲ្យដឹងថា មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥%នៃទេសចរ ពិភពលោក ដែលក្នុងនោះថៃទទួលបាន១១លាននាក់, សិង្ហបុរីទទួលបាន៣.៤លាននាក់ និងម៉ាឡេស៊ី ទទួលបាន៣.១លាននាក់។
ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លាន ដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។
ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តតាមយុទ្ធសាស្រ្តរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើន ក្នុងការទាក់ទាញ ទេសចរចិន។ សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជា នឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ តាមផែនការស្តារទេសចរណ៍ឡើងវិញ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៤លាននាក់ នៅឆ្នាំ២០២៣នេះ និង ៧លាននាក់នៅឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ អក្ខរា