អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្វាគមន៍គ្រប់ការធ្វេីដំណេីររបស់ភ្ញៀវទេសចរណ៍ អ្នកធុរកិច្ច និងប្រជាជនទាំងកម្រិតជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តសៀមរាប ទឹកដីអង្គរនៃកម្ពុជា តាមរយៈការបើកដំណើរការហោះហើរជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន AIAI ដោយចំណាយដើមទុនវិនិយោគកើនឡើងរហូតដល់ ១.១០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិបត្តិការបាន។ អាកាសយានដ្ឋាននេះ មានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ ដោយអាចទទួលជើងហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០៕
អត្ថបទ៖ អក្ខរា