កម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខសញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត និងព្រឹត្តិការណ៍មិនធម្មតា ជំងឺកូវីដ១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀតបាន ផ្តាច់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន សហគមន៍ជាច្រើន។ ទោះបីជាមានមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយនៅតែបន្តកើតមានក៏ដោយ រាជរដ្ឋាភិបាលតែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយសរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន។ នេះបើតាមការលើកឡើងរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ តុលា។ ២០២៣”
ក្នុងសារលិខិតរបស់សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់ កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋានធ្វើយ៉ាងណា ធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍» ដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយនាពេលនេះ ពិតជាមានខ្លឹមសារសំខាន់ និងស័ក្ដិសមបំផុតក្នុងការឆ្លើយតបទៅនឹង ភាពចាំបាច់និងតម្រូវការជាក់ស្តែងរបស់ស្ថាប័ន និងប្រជាជនកម្ពុជា ក្នុងការបន្តរក្សានិងបង្កើនភាពធន់ទៅនឹងគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អភិវឌ្ឍន៍ជីវភាពរស់នៅ និងភាពសុខុដុមនៅក្នុងសហគមន៍។
សម្តេចមធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ នឹងជួយរំលឹកយើងជាថ្មីម្ដងទៀត ឱ្យចងចាំអំពីអតីតកាលដ៏ឈឺចាប់នៃសង្គ្រាមដែលជាគ្រោះមហន្តរាយ បង្កដោយមនុស្ស និងប្ដេជ្ញាការពារ ថែរក្សាឱ្យខាងតែបាននូវដំបូលសន្តិភាពដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន៕
អត្ថបទ៖ អក្ខរា