គណៈប្រតិភូមកពីក្រុងស៊ិនជិន ប្រទេសចិន ដឹកនាំដោយ លោក WANG Shi ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រុងស៊ិនជិន បានចូលជួបឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
លោក WANG Shi បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចលើកនេះ ពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ចាប់តាំងពីព្រលានយន្តហោះ និងក្នុងរយៈពេលនៃការស្នាក់នៅកម្ពុជា និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ខុសទាំងស្រុងពីអ្វីដែលបានលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ លោក បានកត់សម្គាល់នូវ កាលានុវត្តភាពជាច្រើនក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យទេសចរណ៍ និងបានសន្យាផ្សព្វផ្សាយពីស្ថានភាពពិតរបស់កម្ពុជា ពិសេសសក្តានុពលទេសចរណ៍ទៅដល់ប្រជាជន ធុរជន និងភាគីពាក់ព័ន្ធនៅក្នុងស៊ិនជិន។ លោកក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើទស្សនកិច្ចស្វែងយល់វិស័យទេសចរណ៍ក្រុងស៊ិនជិន និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ក្រុងស៊ិនជិន តាមពេលសមស្របណាមួយ។
ក្នុងនាមប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអ៊ុំទូក លោក WANG Shi ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី សហការបង្កើតមជ្ឈមណ្ឌលអុំទូក “Rowing Center” នៅកម្ពុជា។ ឆ្លើយតបនឹងសំណើរនេះ ឯកឧត្តមរដ្ឋមន្ដ្រី នឹងពិនិត្យលទ្ធភាពធ្វើទស្សកិច្ចនៅទីក្រុងស៊ិនជិន និងគាំទ្រគំនិតផ្តួចផ្តើមរបស់លោក WANG. Shi ក្នុងការបង្កើតមជ្ឈមណ្ឌលអុំទូក “Rowing Center” នៅកម្ពុជា។
ឯកឧត្តម សុខ សូកេន បានជម្រាបជូនគណៈប្រតិភូក្រុងស៊ិនជិន បន្ថែមថា ក្រសួងទេសចរណ៍បានកំពុងរៀបចំដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្នូលមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្នុងនោះប្រទេសចិនគឺជាទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ខណៈដែលក្រុងស៊ិនជិនមានប្រជាជនរហូតដល់ទៅប្រមាណ ៧០លាននាក់។ ឯកឧត្តមរដ្ឋមន្ត្រី និង លោក WANG Shi បានឯកភាពក្នុងសហការជំរុញលំហូរ ទេសចរចិន ពិសេសពីក្រុងស៊ិនជិនី មកកាន់កម្ពុជាឲ្យកាន់តែច្រើន៕
អត្ថបទ៖ អក្ខរា