មន្រ្តីជំនាញ ឲ្យផ្អាកលក់ចាហួយវៀតណាមជាបន្ទាន់ ក្រោយមានករណីពុលសិស្សសាលា ៤នាក់

អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងនៅថ្ងៃទី៩ ខែតុលាថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យបានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ភ្លាមៗ ក្រោយបានទទួលព័ត៌មានថាសិស្សសាលាចំនួន ៤នាក់បានក្អួតបង្អោរក្រោយញាំអាហារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

ក.ប.ប. បញ្ជាក់ថា ករណីពុលអាហាររបស់សិស្សសាលានេះ គឺស្ថិតនៅបឋមសិក្សាបន្ទាយមានឬទ្ធិ ឃុំរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ករណីពុលនេះបានធ្វើឱ្យសិស្សចំនួន ១នាក់បញ្ជូនទៅសម្រាកនៅមន្ទីពេទ្យ និង៣នាក់បានសម្រាក់ព្យាបាលនៅផ្ទះ។

តាមការស្រាវជ្រាវរបស់មន្រ្តីជំនាញបានឱ្យដឹងថា ក្មេងសិស្សសាលាដែលបានពុលនោះពួកគាត់បានញាំអាហារដែលមានចាហួយដូងវៀតណាម។ នេះបើយោងតាមកំហាកកម្អួតរបស់ក្មេងៗទាំងនោះ និងតាមការសង្ស័យ គឺពុលបណ្ដាល​មកពីចាហួយទាំងនោះ។ ដូច្នេះមន្រ្តីជំនាញបានស្រង់យកសំណាកគំរូចាហួយដូងទាំងនោះបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យជាបន្ទាន់ និងផ្អាកការលក់ទំនិញទាំងអស់នេះជាបណ្ដោះ​អាសន្នរងចាំលទ្ធផលជាបន្ត៕

អត្ថបទ៖ អក្ខរា