ជាថ្មីទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតចំពោះគ្រួសារសពរបស់និស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្តម ដែលបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានៅប្រទេសអុីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។
ពីវេទិកាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសជូនជនរួមជាតិ ជាពិសេសនិស្សិតខ្មែរនៅអុីស្រាអែល និងក្រុមគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអុីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដែលយើងបានខិតខំបន្តជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃ សហការជាមួយអាជ្ញាធរអុីស្រាអែល ដើម្បីធានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជាពិសេសនិស្សិតរបស់យើងនៅទីនោះទទួលបានការពារ និងមានសុវត្ថិភាព៕
អត្ថបទ៖ អក្ខរា