អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យោបល់ឲ្យជួលយន្តហោះពិសេសទៅដឹកនិស្សិតជាង ៤០០នាក់ ក្នុងករណីអុីស្រាអែលតម្រូវឲ្យជម្លៀសប្រជាជនចេញ​

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលថា ក្នុងករណីអុីស្រាអែលចាំបាត់តម្រូវឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីអុីស្រាអែល គឺកម្ពុជាមិនត្រូវខ្លាចនឹងចំណាយលើការជួលយន្តហោះពិសេសទៅដឹកនិស្សិតជាង ៤០០នាក់ ចាកចេញពីអុីស្រាអែលនោះឡើយ។ យ៉ាងណាមិញ​សម្តេចតេជោមិនជឿថា អុីស្រាអែលនឹងមានសំណូមពរបែបនេះ មកកាន់កម្ពុជានោះទេ

សម្តេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា ពាក់ព័ន្ធនឹងពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល សម្តេចនៅតែរក្សាជំហរដូចករណីនៅកូរ៉េខាងត្បូងដែលមានការគំរាមវាយប្រហារពីកូរ៉េខាងជើង និងដូចស្ថានភាពនៅប្រទេសចិន អំឡុងពេលកូវីដ១៩ គឺមិនជម្លៀសនិស្សិត និងពលរដ្ឋខ្មែរពីអុីស្រាអែលនោះឡើយ បើរដ្ឋាភិបាលអុីស្រាអែលមិនតម្រូវឱ្យជម្លៀសទេនោះ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖ “ឥឡូវនេះយើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាអំពីសុវត្ថិភាពពលរដ្ឋរបស់យើងនៅអុីស្រាអែល។ ប្រសិនបើរត់ចោលអុីស្រាអែល អំឡុងពេលអុីស្រាអែលកំពុងជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់ សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអុីស្រាអែលតទៅទៀតទេ”។ បើតាមសម្តេចតេជោ ហ៊ុន សែន ការក្រាញននៀលរួសរស់ជាមួយអុីស្រាអែល ជាការបង្ហាញនូវស្មារតីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋអុីស្រាអែល ក្នុងកាលៈទេសៈដ៏លំបាក៕

អត្ថបទ៖ អក្ខរា