សម្តេចតេជោ ហ៊ុន សែន៖ ការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាការចំណាយច្រើនបំផុតក្នុងប្រវត្តិខ្សែភាពយន្តនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកថវិការសម្រាប់ការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាការចំណាយច្រើនបំផុតក្នុងប្រវត្តិនៃខ្សែភាពយន្តនៅកម្ពុជា។

សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាល​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរក​កម្លាំង​អ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។

ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញ​ពី​មាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានី​ភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។ ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៩៦ភាគ ហើយចំណាយពេលវេលាថត​រយៈពេល ១៩ខែ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹង​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

អត្ថបទ៖ អក្ខរា