ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបទៅកាន់វិទ្យុអនឡាញក្រៅស្រុក The Cambodia daily ដោយបានលើកឡើងថា កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។
ឯកឧត្តមបន្តថា គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើមពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។
ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹងនិងអ្នកសារព័ត៌មាន។
ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន?
អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់ខ្ញុំចង់និយាយពីអ្វីនិងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯងតុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។ ឯកឧត្តមបន្ថែម។
ឯកឧត្តម ប៉ែន បូណា បានសរសេរយ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ជំហរជាថ្មីក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ៣០ឆ្នាំហើយដែលបានរួមចំណែកក្នុងការកាត់បន្ថយរូបភាពហិង្សាលើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ថា សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មានឬលើបណ្តាញសង្គមតទៅទៀតពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់៕