ហានិភ័យ! អាជ្ញាធរ ណែនាំដល់អ្នកចិញ្ចឹមក្រពើកុំធ្វេសប្រហែស បន្ទាប់ពីក្រពើ ៣ក្បាល រួចចេញពីអាងបង្ករការភ័យខ្លាចដល់ពលរដ្ឋ

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែតុលានេះ បានឲ្យដឹងពីករណីក្រពើជំទង់ ៣ក្បាល បានរួចចេញពីកន្លែងចិញ្ចឹម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយការធ្វេសប្រហែសរបស់កម្មករពុំបានចាក់សោទ្វារអាង ក្រោយពីបានផ្តល់ចំណីរួច។

រដ្ឋបាលជលផល បញ្ជាក់ថា ក្នុងថ្ងៃដដែល ក្រពើដែលរួច១ក្បាល ត្រូវបានប្រជាពលរដ្ឋវាយឱ្យរបួស និង២ក្បាលទៀតត្រូវម្ចាស់ចាប់បាន នៅចន្លោះម៉ោង១១-១២យប់ បច្ចុប្បន្នក្រពើទាំង៣ក្បាលនេះ ត្រូវបានម្ចាស់យកទៅដាក់ចិញ្ចឹមនៅក្នុងកសិដ្ឋានវិញហើយ។ ដូចនេះ សូមបងប្អូនដែលរស់នៅក្នុងតំបន់នោះកុំមានការព្រួយបារម្ភបន្តទៀត។

ចំពោះករណីនេះ កន្លងមករដ្ឋបាលជលផលបានណែនាំដល់បងប្អូនអ្នកចិញ្ចឹមក្រពើអំពីបទដ្ឋានបច្ចេកទេស នៃការចិញ្ចឹមជាបន្តបន្ទាប់ និងស្នើបងប្អូនត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងកន្លែងចិញ្ចឹមក្រពើឱ្យបានប្រសើរថែមទៀត
ដោយត្រូវត្រួតពិនិត្យជាប្រចាំនូវហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាព, ហាមក្មេងចូលក្នុងបរិវេណចិញ្ចឹមក្រពើ ឬប្រើក្មេងផ្តល់ចំណីឬលាងសំអាតអាង, ត្រូវប្រើមនុស្សពេញកម្លាំងក្នុងការផ្តល់ចំណី លាងសំអាតអាង ប្រមូលពង ឬទាក់ចាប់ក្រពើ, ត្រូវរៀបចំសោភណ្ឌភាពនិងអនាម័យកន្លែងចិញ្ចឹមក្រពើ ដើម្បីសុខមាលភាពសាធារណៈ និងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះ រដ្ឋបាលជលផល ស្នើអង្គភាពមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍ អ្នកចិញ្ចឹមក្រពើ ជួយណែនាំបន្ថែមដល់អ្នកចិញ្ចឹមក្រពើ ឱ្យយកចិត្តទុកដាក់អំពីសុវត្ថិភាពនិងសោភ័ណ្ឌភាពក្នុងការចិញ្ចឹម និងសូមជួយចាត់វិធានការបន្ទាន់ក្នុងករណីមានក្រពើរួច ឬឧបទ្ទវហេតុផ្សេងៗដែលកើតឡើងពីការចិញ្ចឹមក្រពើ៕

អត្ថបទ៖ អក្ខរា