BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់និស្សិតខ្មែរនៅអុីស្រាអែល ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាពពីសង្គ្រាម

ទន្ទឹមនឹងសារបន្ទាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច នៅព្រឹកថ្ងៃទី៨ ខែតុលានេះ ក៏បានចេញសារសំឡេងពិសេសមួយទាក់ទងនឹងសង្រ្គាមរវាងអុីស្រាអែល
ជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ព្រមទាំងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅអុីស្រាអែល។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រយុទ្ធគ្នារវាងអាជ្ញាធរអុីស្រាអែលជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ជាការផ្ទុះសង្គ្រាមដ៏ធំមិនធ្លាប់មាន ដែលទាមទារឲ្យនិស្សិតខ្មែរកំពុងស្ថិតក្នុងស្ថាននោះ ត្រូវស្តាប់តាមបទបញ្ជារបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។

ជាមួយគ្នានេះ សម្តេចប្រធានគណបក្សក៏អំពាវនាវដល់មាតាបិតា អាណាព្យាបាលដែលកូនចៅនៅអ៊ីស្រាលអែល សូមទាក់ទងទៅពួកគេឲ្យរក្សាការតាំងចិត្ត ម៉ឺងមាត់ និងគ្មានការភិតភ័យ ហើយសូមរក្សាការស្ងប់ចិត្ត និងជឿជាក់លើសមត្ថភាពដោះស្រាយរបស់អាជ្ញាធរប្រទេសអ៊ីស្រាអែល ក្នុងការប្រឆាំងជាមួយកម្លាំងភេរវកម្មរក្រុមពួកហាម៉ាស់របស់ប៉ាឡេស្ទីន៕

អត្ថប៖ អក្ខរា