BREAKING NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធកម្ពុជាធ្វើការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨​ ខែតុលានេះ ចេញសារសម្លេងពិសេសជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល។

ស្ថានភាពនៅប្រទេសអ៉ីស្រាអែលពេលនេះ កំពុងមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បានបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅនិងសិក្សាចំនួនប្រមាណ ៤៥០នាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ភារកិច្ចដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល៕

អត្ថបទ៖ អក្ខរា