កម្ពុជា នាំយកអង្ករឈ្នះពានល្អបំផុតលំដាប់ពិភពលោក ទៅតាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅអាឡឺម៉ង់

កម្ពុជា នាំយកអង្ករគុណភាពល្អបំផុត និងធ្លាប់ឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅតាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនៅប្រទេសអាឡឺម៉ង់។ នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៨ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធី នេះចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ការចូលរួមព្រឹត្តិការណ៍ Anuga Food Trade Fair 2023 នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា និងមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរបស់ វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា ដែលព្រឹត្តិការណ៍ Anuga Food Trade Fair មានប្រវត្តិនៃការរៀបចំព្រឹត្តិការណ៍នេះចំនួន ១១៣ឆ្នាំ ដែលបានចាប់បង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់សម្រាប់ពិភពលោក របស់អ្នកជំនាញ និងអ្នកធ្វើការ សម្រេចចិត្តលើការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

សូមជម្រាបថា ព្រឹត្តិការណ៍ Anuga Food Fair 2023 គឺជាព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារដ៏ធំបំផុតរបស់ពិភពលោក ដែលប្រព្រឹត្តិឡើងជារៀងរាល់ ២ឆ្នាំម្ដងលើផ្ទៃដីចំនួន ២៨៤ ០០០ ម៉ែត្រការ៉េ នៅក្នុងសហសាលចំនួន ១១ និងមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន ៧ ៩០០ ក្រុមហ៊ុន មកពីជិត ២០០ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅទីតាំងស្តង់លេខ B040G អាគារទី (HALL) 07.1 ស្ថិតនៅក្នុងមជ្ឈមណ្ឌល ពិព័រណ៍ Koelnmesse, Fair Grounds, Cologne ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់៕

អត្ថបទ៖ អក្ខរា