“ជានិច្ចកាល ខ្ញុំបានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឺងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យឈានទៅទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ”។ នេះជាព្រះរាជសុន្ទរកថារបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីអបអរសាទរខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕
អត្ថបទ៖ អក្ខរា