អាមេរិក សរសើរកម្ពុជាលើការទប់ស្កាត់បទល្មើសគ្រឿងញៀន និងការងារសម្អាតប្រាក់

សហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា កោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយកងកម្លាំងអនុវត្តច្បាប់អាមេរិក​អមស្ថានទូតប្រចាំកម្ពុជា ជាពិសេស ឯកឧត្តម បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបាន​ជា​ច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរ​ ចែក​ចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់វិញ ឯកឧត្តម MURPHY ក៏បានសម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ និងបានស្នើឱ្យកម្ពុជាយកចិត្តទុកដាក់ ក្នុងការថែរក្សាការងារសម្អាតប្រាក់នេះ ឱ្យកាន់តែប្រសើរថែមទៀត។

ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទឹកចិត្តឱ្យនគរបាលជាតិកម្ពុជា រៀបចំចាត់តាំងមន្ត្រី ដើម្បីទៅចូលរួមទទួលការបណ្តុះបណ្តាល នៅសាលាបណ្ឌិត្យសភាអាយលា (ILEA) ប្រចាំនៅទីក្រុងបាងកក ដោយនៅទីនោះ ជាមជ្ឈមណ្ឌលប្រកបដោយសក្តានុពល ក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ គ្រប់មុខជំនាញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណភាគីអាមេរិក ដែលបានផ្តល់ការបណ្តុះបណ្តាល ហើយនគរបាលជាតិកម្ពុជា ក៏បានត្រៀមខ្លួនជានិច្ច ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល ទទួលយកបទពិសោធន៍ពី សាលាបណ្ឌិត្យសភាអាយលា (ILEA) យកមកប្រើប្រាស់ឱ្យចំមុខជំនាញ។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំឱ្យអាមេរិកបន្តការគាំទ្របន្ថែមទៀត ទាំងផ្នែកធនធានមនុស្ស និងជំនាញព្រមទាំងចែករំលែកព័ត៌មានសំខាន់ៗ ដែលឈានទៅដល់ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕