ថ្លែងពីវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដលសាលារៀននីមួយៗ និងអាជីករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារ និងភេសជ្ជៈផ្អែម ដែលលក់ដល់សិស្សានុសិស្ស។ នំចំណីអាហារ និងភេសជ្ជៈផ្អែម ដែលប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ជាផលប៉ះពាល់រយៈពេលវែងដល់ធនធានមនុស្សរបស់កម្ពុជា ព្រោះវាបង្កឲ្យលើសជាតិស្ករ និងបង្កជាជំងឺទឹកនោមផ្អែម។
គួរបញ្ជាក់ថា អាហារ និងភេសជ្ជៈផ្អែម អាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមាររយៈពេលវែង។ តាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល, អាហារ នំផ្អែម និងភេសជ្ជៈផ្អែម នឹងផ្ដល់ផលប៉ះពាល់ច្រើនយ៉ាងដល់សុខភាពអ្នកផឹក ឬទទួលទាន ប្រសិនបើអាហារទាំងនោះមានជាតិស្ករលើសកម្រិត។ សម្រាប់កុមារងាយរងគ្រោះបំផុត បើពួកគេមានទម្លាប់ទទួលទានរបស់ផ្អែមដូចជា ស្ករគ្រាប់ ស្ករផ្អែម ភេសជ្ជៈកំប៉ុង នំកញ្ចប់ផ្អែម ឬស្ករសូកូឡាជាដើម។ កុមារងាយនឹង ពុកធ្មេញ (ដង្កូវសីធ្មេញ) មានជំងឺធាត់ ជំងឺទឹកនោមផ្អែមទាំងវ័យកុមារ និងជំងឺមេតាប៉ូលីសផ្សេងទៀត។
កន្លងទៅដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស និងបុគ្គលិកសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការលក់ចំណីអាហារចំនួន ៦ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា ចំណីអាហារ គ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវ កម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ, ចាហួយគ្រប់ប្រភេទ នំដូណាត់ និងធំផ្អែម៕
អត្ថបទ៖ អក្ខរា