សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”។
ទន្ទឹមនេះ សម្តេធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖ ១) ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ផ្នែកស្មូតកំណាព្យ និងពានរង្វាន់ សម្តេច ព្រះសង្ឃរាជ ជួន ណាត “ផ្នែកតែងនិពន្ធ” ដល់ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ២) បំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា និងមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនបុគ្គលិកអប់រំ ចំនួន ១១រូប ដែលបានបង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ នៃមុខវិជ្ជានីមួយៗ ក្នុងការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ៣) បឋកថា ស្ដីពី “បទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនបឋមសិក្សាឆ្ពោះទៅរកឧត្តមភាព” ៤) វេទិកាតុមូលលើប្រធានបទ “ទស្សនៈរួមស្ដីពីសាលារៀនគំរូ” ។
សូមជម្រាបថា ទិវាគ្រូបង្រៀន ៥ តុលា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស៕
អត្ថបទ៖ អក្ខរា