ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ បានចេញមកប្រតិកម្មនឹងការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ E-Book Cambodia ដែលបានសរសេរចោទមន្រ្តីរាជរដ្ឋាភិបាលយកប្រាក់ខែរាស្ត្រធ្វើអ្វី មិនចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមានទៅកាន់ពិភពលោកពាក់ព័ន្ធវិស័យទេសចរណ៍។
លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលថ្ងៃទី៣ ខែតុលាម្សិលមិញ ឯកឧត្តម ឌី វិជ្ជា បានសរសេរយ៉ាងដូច្នេះថា ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ខ្ញុំគាំទ្រការលើកឡើងរបស់ លោក សយ សុភាព “ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយទេសចរណ៍ម្នាក់” ដូច្នេះ ខ្ញុំ ក៏ដូចជាសមាជិកយុវជនខេត្តស្វាយរៀង នឹងចូលរួមធ្វើកិច្ចការងារផ្សព្វផ្សាយដើម្បីឱ្យទេសចរណ៍ អរិយធម៌ វប្បធម៌ខ្មែរយើងបានដល់ប្រទេសផ្សេងៗទៀត។ កន្លងមក ប្រទេសកម្ពុជាយើងមានភ្ញៀវទេសចរអន្តរជាតិពីចំនួន ៥,៦លាននាក់ (ក្នុងឆ្នាំ២០១៧) កើនឡើង ៦,២លាននាក់ (ក្នុងឆ្នាំ២០១៨) និងបន្តកើនដល់ ៦,៦លាន (ក្នុងឆ្នាំ២០១៩) លុះពេលជម្ងឺកូវីដ-១៩ បានវាយលុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃទូទាំងពិភពលោកផ្អាកការធ្វើដំណើរ វិបត្តិកូវីដ-១៩ មិនទាន់ចប់ទាំងស្រុងផងនោះ ក៏សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចូលមកដល់នាពេលបច្ចុប្បន្ននេះបន្ថែមទៀត ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលឱ្យអត្រាកំណើនស្ទើរគ្រប់វិស័យធ្លាក់ចុះ ទាំងការធ្វើដំណើរកំសាន្តរបស់ប្រជាពលរដ្ឋនានា។
ទន្ទឹមនឹងនោះ ឯកឧត្តម ឌី វិជ្ជា បានកត់សម្គាល់ឃើញទំព័រហ្វេសប៊ុស E-Book Cambodia សរសេរថា “ចុះមន្ត្រី និងទីប្រឹក្សាយកប្រាក់ខែរាស្ត្រធ្វើអ្វី?” ឯកឧត្តមបានឆ្លើយតបវិញបែបនេះថា E-Book Cambodia គួរណាស់មើលឃើញអំពី លទ្ធផលការងារកន្លងមក ការងារមន្ត្រីរាជការដែលខំប្រឹងប្រែងធ្វើ ប្រទេសតាំងពីបាតដៃទទេរ មកដល់ឥលូវនេះ កំណើនសេដ្ឋកិច្ចពីមុន កំណើនភ្ញៀវទេសចរណ៍ពីមុន ឥលូវធ្លាក់ចុះដោយសារអ្វី? មិនមែនដោយសារមន្ត្រីខ្ចិលមិនធ្វើកិច្ចការងារទេ គេខិតខំធ្វើការរៀងរាល់ថ្ងៃ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ “បើមិនបានជួយចូកជួយចែវ កុំយកជើងរាទឹក”៕